គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:14-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង

15. គេ​មក​ឯ​ព្រះ‌យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក‌ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច

16. ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង

17. នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ

18. កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់

19. តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ

20. គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

21. កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ជិះ​ទូក ឆ្លង​ដល់​ត្រើយ​ម្ខាង​វិញ​ហើយ ក៏​មាន​ហ្វូង​មនុស្ស​យ៉ាង​ធំ​ប្រជុំ​គ្នា​ឯ​ទ្រង់ ហើយ​ទ្រង់​គង់​នៅ​ទី​មាត់​សមុទ្រ

22. នោះ​មាន​មេ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃរ៉ុស មក​ដល់​ឃើញ​ទ្រង់ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

23. គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូល‌បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា ឲ្យ​បាន​ជា នោះ​វា​នឹង​រស់​វិញ

24. ទ្រង់​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទៅ ទាំង​ប្រជ្រៀត​ទ្រង់។

25. នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ

26. នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ

27. នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់

28. ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

29. ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណៈ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្តី​វេទនា​នោះ​ហើយ

សូមអានជំពូកពេញលេញ ម៉ាកុស 5