គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ក៏​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង

2. កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស‌អសោច​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ជួប​នឹង​ទ្រង់

3. វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង

4. ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ

5. វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច

6. កាល​វា​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់

7. ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូល‌បង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូល‌បង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ទេ

8. វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ថា ម្នាល អារក្ស‌អសោច ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ

9. រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ឈ្មោះ «កង‌ទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន

10. នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ

11. រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ

12. ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ

13. នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស‌អសោច​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

14. ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង

15. គេ​មក​ឯ​ព្រះ‌យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក‌ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច

16. ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង

17. នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ

18. កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់

សូមអានជំពូកពេញលេញ ម៉ាកុស 5