គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 13:26-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះ‌ចេស្តា​ជា​ខ្លាំង និង​សិរី‌ល្អ​ផង

27. ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។

28. ប៉ុន្តែ ត្រូវ​រៀន​សេចក្តី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ

29. ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង

30. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក

31. ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ

32. ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ‌បុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះ‌វរ‌បិតា​ប៉ុណ្ណោះ

33. ចូរ​ប្រុង​ប្រយ័ត្ន ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ

34. នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា ហើយ​ផ្តាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង

35. ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​មិន​ដឹង​ជា​វេលា​ណា​ដែល​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ទេ ទោះ​បើ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ព្រឹក​ក្តី

36. ក្រែង​លោ​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់

37. ឯ​សេចក្តី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ។

សូមអានជំពូកពេញលេញ ម៉ាកុស 13