គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:4-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា

5. ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី

6. អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះ‌យេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ

7. អ្នក​ទាំង​២​ដឹក‌នាំ​កូន​លា​មក​ឯ​ព្រះ‌យេស៊ូវ រួច​ក្រាល​អាវ​លើ​វា ហើយ​ទ្រង់​ឡើង​គង់

8. មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​មែក​ឈើ យក​មក​រាយ​តាម​ផ្លូវ​ដែរ

9. ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ

10. រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​អយ្យកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ក៏​ប្រកប​ដោយ​ព្រះ‌ពរ​ដែរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

11. នោះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ក៏​ទៅ​ក្នុង​ព្រះ‌វិហារ កាល​ទ្រង់​ទត​ជុំ‌វិញ​មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។

12. ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន

13. ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល​ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ

14. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។

15. ព្រះ‌យេស៊ូវ ទ្រង់​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម កាល​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ក៏​តាំង​ដេញ​ពួក​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដែល​ដូរ​ប្រាក់ និង​ជើងម៉ា​នៃ​ពួក​អ្នក​លក់​ព្រាប

16. ក៏​មិន​ព្រម​ឲ្យ​អ្នក​ណា​លី‌សែង​អ្វី ដើរ​កាត់​ព្រះ‌វិហារ​ឡើយ

17. ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋានវិញ

18. ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​ដែល​ទ្រង់​បង្រៀន

19. ដល់​ល្ងាច ទ្រង់​យាង​ចេញ​ពី​ទី​ក្រុង​ទៅ។

សូមអានជំពូកពេញលេញ ម៉ាកុស 11