គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គាត់​ប្រកាស​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង

8. ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

9. នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ

10. កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក និង​ព្រះ‌វិញ្ញាណ ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប

11. រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់

12. ស្រាប់​តែ​ព្រះ‌វិញ្ញាណ​បង្ខំ​ទ្រង់​ឲ្យ​យាង​ទៅ​ឯ​ទី​រហោ‌ស្ថាន

13. ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្ស‌សាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។

14. គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា

15. ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។

16. កាល​ព្រះ‌យេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី

17. ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ

18. គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ

សូមអានជំពូកពេញលេញ ម៉ាកុស 1