គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:23-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោច​ចូល វា​ស្រែក​ឡើង​ថា

24. ហ៊ឹះ តើ​យើង និង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះ‌យេស៊ូវ​ពី​ភូមិ​ណា‌សារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ

25. ព្រះ‌យេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ

26. កាល​អារក្ស‌អសោច​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ

27. អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្តី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្ស‌អសោច​ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ

28. នោះ​ព្រះ‌នាម​ទ្រង់​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ជា​១​រំពេច​ទួទៅ ពេញ​ក្នុង​ក្រវល់​ជុំ‌វិញ​នៃ​ស្រុក​កាលី‌ឡេ។

29. កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ

30. ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង

31. លុះ​ទ្រង់​យាង​ចេញ​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ បំរើ​ទាំង​អស់​គ្នា

32. ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ និង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់

33. ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ

សូមអានជំពូកពេញលេញ ម៉ាកុស 1