គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

2. ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»

3. «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ឲ្យ​រៀប‌ចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»។

4. ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ទី​រហោ‌ស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

5. ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់‌តួ​បាប​គ្រប់​គ្នា

6. យ៉ូហាន​មាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ

7. គាត់​ប្រកាស​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង

8. ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

9. នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ

10. កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក និង​ព្រះ‌វិញ្ញាណ ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប

11. រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់

សូមអានជំពូកពេញលេញ ម៉ាកុស 1