គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 4:7-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។

8. មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ

9. ហើយ​សេចក្តី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

10. ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន

11. ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង

12. ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ

13. ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ

14. ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្តី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។

15. ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ

16. ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូ‌នីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង

17. មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផលដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ

18. ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ

19. ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

20. សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា បាន​សិរី‌ល្អ​នៅ​អស់​កល្ប​រៀង​ត​ទៅ អាម៉ែន។

21. សូម​ជំរាប​សួរ មក​ពួក​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង ឯ​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា

22. ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

សូមអានជំពូកពេញលេញ ភីលីព 4