ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌គ្រីស្ទ​បន្ទាប​ខ្លួន និង​ទទួល​សិរី‌រុងរឿង

1. ដូច្នេះ បើ​សិន​ជា​មាន​សេចក្តី​ដាស់‌តឿនណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្តី​កំសាន្ត​ណា​របស់​ផង​សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្តី​ថ្និត‌ថ្នម និង​សេចក្តី​អាណិត‌អាសូរ​ណា

2. នោះ​ចូរ​បំពេញ​សេចក្តី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ

3. កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ

4. កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង

5. ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ

6. ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ

7. គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង

8. ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង

9. ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង

10. ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ

11. ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា។

គ្រីស្ទ‌បរិស័ទ​ជា​ពន្លឺ​ពិភព​លោក

12. បាន​ជា ឱ​ពួក​ស្ងួនភ្ងា​អើយ ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង

13. ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ

14. ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក

15. ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក

16. ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្តី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ

17. ប៉ុន្តែ បើ​សិន​ជា​ត្រូវ​ច្រួច​ខ្ញុំ​ចេញ​លើ​យញ្ញ‌បូជា និង​ការ​ជំនួយ​របស់​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ក៏​អរ ហើយ​មាន​សេចក្តី​អំណរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ

18. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ ជា​មួយ​នឹង​ខ្ញុំ​ផង។

បេសក‌កម្ម​របស់​លោក​ធីម៉ូថេ និង​លោក​អេប៉ា‌ប្រូឌីត

19. ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត​ឡើង ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា

20. ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ‌ត្រង់​នោះ​ទេ

21. ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ

22. តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឪពុក

23. ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សំរេច​ជា​យ៉ាង​ណា នោះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​គាត់​មក​ភ្លាម

24. ហើយ​ខ្ញុំ​ជឿ​ប្រាកដ ដោយ‌សារ​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។

25. ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូ‌កន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់‌ផ្គង់​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ការ

26. គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ

27. គាត់​បាន​ឈឺ​មែន​ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​ទ្រង់​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​១ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្ជាន់ៗ​ឡើយ

28. ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អំណរ ដោយ​ឃើញ​គាត់ ហើយ​ឲ្យ​ខ្ញុំ​បាន​អន់​ព្រួយ​ដែរ

29. ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ

30. ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះ‌គ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្តី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ។