គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 1:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ​សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្តី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ

8. ព្រះ​ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ

9. ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្តី​នេះ គឺ​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្តី​ចេះ​ដឹង និង​យោបល់​គ្រប់​ជំពូក

10. ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្តី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ

11. ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្តី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​ផង។

12. បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ

13. ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង និង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ

14. ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច

15. មាន​ខ្លះ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ

16. ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្តី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត

សូមអានជំពូកពេញលេញ ភីលីព 1