គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 1:16-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្តី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត

17. ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ​សា​ពី​ដំណឹង​ល្អ

18. ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្តី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្តី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត

19. ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង

20. តាម​សេចក្តី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី

21. ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ

22. ប៉ុន្តែ​បើ​រស់​ខាង​ឯ​សាច់​ឈាម និង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ

23. ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង

24. តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង

25. ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្តី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្តី​អំណរ ដោយ‌សារ​សេចក្តី​ជំនឿ​ផង

26. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត។

27. ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្តី​ជំនឿ ខាង​ឯ​ដំណឹង​ល្អផង

28. ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង និង​សំដែង​ពី​សេចក្តី​នោះ​បាន​មក​ពី​ព្រះ​ផង

29. ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ

30. ទាំង​កើត​មាន​សេចក្តី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។

សូមអានជំពូកពេញលេញ ភីលីព 1