12. បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ
13. ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង និងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ
14. ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច
15. មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ
16. ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្តីទុក្ខលំបាកដល់ចំណងខ្ញុំទៀត
17. ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ
18. ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្តីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្តីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត
19. ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង
20. តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី
21. ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ
22. ប៉ុន្តែបើរស់ខាងឯសាច់ឈាម និងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ
23. ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង