គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 3:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ជីវិត​អ្នក​រាល់​គ្នា​ក៏​លាក់​ទុក​ក្នុង​ព្រះ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ

4. កាល​ណា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។

5. ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ‌ស្មន់​ស្មោក‌គ្រោក សំរើប​សំរាល ប៉ង‌ប្រាថ្នា​អាក្រក់ និង​សេចក្តី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ

6. គឺ​ដោយ​ហេតុ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង‌ចចេស

7. ហើយ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​កាល​ពី​ដើម គឺ​ពី​កាល​ដែល​នៅ​រស់​ក្នុង​កិរិយា​ទាំង​នោះ​ដែរ

8. តែ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់‌ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អព្វ‌មង្គល ចេញ​ពី​មាត់​ចោល​ទៅ

9. កុំ​ឲ្យ​កុហក​គ្នា​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ

10. ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក

11. ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។

12. ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ

13. ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ

14. ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍

15. ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

16. ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ

17. ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដោយ‌សារ​ទ្រង់​ផង។

18. ពួក​ស្រីៗ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះ‌អម្ចាស់

សូមអានជំពូកពេញលេញ កូឡូស 3