គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 3:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍

15. ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

16. ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ

17. ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដោយ‌សារ​ទ្រង់​ផង។

18. ពួក​ស្រីៗ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះ‌អម្ចាស់

19. ពួក​ប្រុសៗ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ចុះ កុំ​ឲ្យ​មាន​ចិត្ត​ជិន​ឆ្អន់​ឡើយ

20. ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ក្នុង​គ្រប់​ការ​ទាំង​អស់ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ​ឯង

21. ឱ ឪពុក​រាល់​គ្នា​អើយ កុំ​ឌុក‌ដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ

22. ពួក​បាវ​បំរើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​នាយ​ខាង​សាច់​ឈាម ក្នុង​គ្រប់​ការ​ទាំង​អស់​ចុះ មិន​មែន​តែ​កាល​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​នោះ​ទេ គឺ​ដោយ​ចិត្ត​ស្មោះ‌ត្រង់​វិញ ទាំង​កោត‌ខ្លាច​ដល់​ព្រះ​ផង

23. ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ

24. ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះ‌អម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់

25. ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ខុស‌ឆ្គង នោះ​នឹង​ទទួល​តាម​ការ​កំហុស​របស់​ខ្លួន ហើយ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ។

សូមអានជំពូកពេញលេញ កូឡូស 3