គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 2:7-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។

8. ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

9. ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង

10. ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញ‌លេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន

11. អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក​ម្យ៉ាង​ក្នុង​ទ្រង់ ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​ដោះ​រូប‌កាយ​ខាង​សាច់​ឈាម​ចេញ ដោយ​ទទួល​ការ​កាត់​ស្បែក​របស់​ព្រះ‌គ្រីស្ទ​វិញ

12. ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ឫទ្ធិ‌បារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ

13. ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា

14. ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើងក្នុង​សេចក្តី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង

15. ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹក‌នាំ​គេ​ទៅ ដោយ​មាន​ជ័យ‌ជំនះ ដោយ‌សារ​ឈើ​ឆ្កាង​នោះ​ឯង។

16. ដូច្នេះ កុំ​ទុក​ឲ្យ​អ្នក​ណា​និន្ទា​អ្នក​រាល់​គ្នា ពី​រឿង​ចំណី​អាហារ ឬ​គ្រឿង​ផឹក ឬ​ពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ឡើយ

17. សេចក្តី​ទាំង​នេះ​ជា​ស្រមោល​នៃ​ការ​ដែល​ត្រូវ​មក តែ​តួ​រូប​អង្គ​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ

18. កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ‌បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ

19. គេ​មិន​កាន់​ជាប់​តាម​សិរសា​ទេ ដែល​ដោយ‌សារ​សិរសា​នោះ រូប​កាយ​ទាំង​មូល​បាន​មាន​កំឡាំង ហើយ​ជាប់​គ្នា ដោយ‌សារ​សន្លាក់ និង​សរសៃ​ទាំង​ប៉ុន្មាន ឲ្យ​បាន​ចំរើន​ឡើង ដោយ​សេចក្តី​ចំរើន​របស់​ព្រះ។

20. ដូច្នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ខាង​ឯ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន នោះ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ ដោយ​ចុះ​ចូល​នឹង​សេចក្តី​បញ្ញត្ត​ទាំង​ប៉ុន្មាន​វិញ

21. ដូច​ជា​ថា កុំ​ឲ្យ​កាន់ កុំ​ឲ្យ​ភ្លក់ កុំ​ឲ្យ​ពាល់​ឲ្យ​សោះ

សូមអានជំពូកពេញលេញ កូឡូស 2