គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 2:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​ត‌យុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផង

2. ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួប‌រួម​គ្នា​មក​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿ‌ជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្តី​អាថ៌‌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ‌គ្រីស្ទ

3. ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា និង​សេចក្តី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់

4. ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង

5. ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្តី​អំណរ ដោយ​ឃើញ​សណ្តាប់‌ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ។

6. ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់ បែប​យ៉ាង​ណា នោះ​ចូរ​ដើរ​ក្នុង​ទ្រង់​តាម​បែប​យ៉ាង​នោះ​ចុះ

7. ដោយ​បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង​ទ្រង់ ទាំង​តាំង​នៅ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​ជំនឿ ដូច​ជា​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​អរ​ព្រះ‌គុណ​កាន់​តែ​ច្រើន​ឡើង​ផង។

8. ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា ដោយ​ពាក្យ​បរមត្ថ និង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ តាម​សណ្តាប់​បុរាណ​របស់​មនុស្ស តាម​បថម​សិក្សា​នៅ​នា​លោកីយ៍ គឺ​មិន​មែន​តាម​ព្រះ‌គ្រីស្ទ​ទេ

សូមអានជំពូកពេញលេញ កូឡូស 2