គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម

3. ប៉ុន្តែ កំពុង​ដែល​គាត់​ដើរ​តាម​ផ្លូវ ទៅ​ជិត​នឹង​ដល់​ក្រុង​ដាម៉ាស​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្លួន

4. គាត់​ក៏​ដួល​ដល់​ដី រួច​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ដល់​ខ្ញុំ​ដូច្នេះ

5. គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត​បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់

6. នោះ​គាត់​ក៏​ញាប់‌ញ័រ ទាំង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទៅ នោះ​គេ​នឹង​ប្រាប់​អ្នក ឲ្យ​ដឹង​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ

7. ឯ​ពួក​អ្នក​ដែល​ដើរ​ជា​មួយ​នឹង​គាត់ គេ​ក៏​ឈរ​ស្រឡាំង​កាំង​នៅ ដោយ​បាន​ឮ​សំឡេង​មែន តែ​មិន​ឃើញ​អ្នក​ណា​សោះ

8. រួច​សុល​ក៏​ក្រោក​ពី​ដី​ឡើង តែ​កាល​គាត់​បើក​ភ្នែក​ហើយ នោះ​មើល​មិន​ឃើញ​អ្វី​ទេ គេ​ក៏​ដឹក​ដៃ​គាត់​នាំ​ទៅ​ឯ​ដាម៉ាស

9. ក្នុង​រវាង​៣​ថ្ងៃ​គាត់​មើល​មិន​ឃើញ​ឡើយ ក៏​មិន​បរិភោគ​អ្វី​ផង។

10. រីឯ​ដាម៉ាស នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់ ក្នុង​ការ​ជាក់​ស្តែង​ថា នែ អាន៉្នានាស​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន

12. ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង

សូមអានជំពូកពេញលេញ កិច្ចការ 9