គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​ដែល​ហៅ​ថា ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នក​ស្រុក​តើ‌សុស នៅ​ក្នុង​ផ្ទះ​យូដាស ដ្បិត​មើល គាត់​កំពុង​តែ​អធិស្ឋាន

12. ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង

13. អាន៉្នានាស​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម

14. ហើយ​នៅ​ទី​នេះ គាត់​ក៏​មាន​អំណាច​ពី​ពួក​សង្គ្រាជ អាច​នឹង​ទៅ​ចាប់​ចង​នូវ​អស់​អ្នក​ណា ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់​ដែរ

15. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង

16. ដ្បិត​ខ្ញុំ​នឹង​បង្ហាញ ឲ្យ​គាត់​ដឹង​ជា​ត្រូវ​រង​ទុក្ខ​លំបាក​ទាំង​អម្បាលម៉ាន ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

17. ដូច្នេះ អាន៉្នានាស​ក៏​ទៅ ហើយ​ចូល​ក្នុង​ផ្ទះ​នោះ ដាក់​ដៃ​លើ​គាត់ និយាយ​ថា អ្នក​សុល​អើយ ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេស៊ូវ ដែល​លេច​មក​ឲ្យ​អ្នក​ឃើញ​តាម​ផ្លូវ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​អ្នក​បាន​ភ្លឺ​ភ្នែក ហើយ​ឲ្យ​អ្នក​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

18. ស្រាប់​តែ​មាន​ដូច​ជា​ស្រកា​ជ្រុះ​ចុះ​ពី​ភ្នែក​គាត់​មក ហើយ​គាត់​ក៏​បាន​ភ្លឺ​ជា​១​រំពេច រួច​ក្រោក​ឡើង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក

19. ហើយ​ក្រោយ​ដែល​គាត់​បាន​បរិភោគ នោះ​ក៏​មាន​កំឡាំង​ឡើង​វិញ។

20. សុល​ក៏​នៅ​ក្រុង​ដាម៉ាស ជា​មួយ​នឹង​ពួក​សិស្ស​ជា​យូរ​ថ្ងៃ នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

21. ឯ​អស់​អ្នក​ដែល​ឮ ក៏​មាន​សេចក្ដី​ងឿង‌ឆ្ងល់ ហើយ​គេ​និយាយ​ថា តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នោះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ

22. តែ​សុល គាត់​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង ក៏​ផ្ទុញ‌ផ្ទាល់​ដល់​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ដាម៉ាស​វិញ ដោយ​សំដែង​បញ្ជាក់​ពី​ព្រះ‌អង្គ​នេះ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន

23. លុះ​យូរ​ថ្ងៃ​ក្រោយ​មក ពួក​សាសន៍​យូដា គេ​ពិគ្រោះ​គ្នា​នឹង​សំឡាប់​គាត់​ចេញ

សូមអានជំពូកពេញលេញ កិច្ចការ 9