គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:4-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល

5. ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ

6. ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា និង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ

7. ព្រោះ​មាន​អារក្ស​អសោច ដែល​បាន​ចូល​មនុស្ស​ជា វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ

8. ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

9. រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ

10. មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ

11. គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់

12. តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី

13. ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ និង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។

14. កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស និង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ

15. លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

16. ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ

17. ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

សូមអានជំពូកពេញលេញ កិច្ចការ 8