គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:26-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ

27. គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ​ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ​រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត​ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ

28. លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ

29. ខណៈ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ

30. ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ

31. ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា

32. ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា

33. នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ»

34. អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ

35. នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ

36. កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន

37. ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

38. នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព និង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ

សូមអានជំពូកពេញលេញ កិច្ចការ 8