គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:11-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់

12. តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី

13. ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ និង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។

14. កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស និង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ

15. លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

16. ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ

17. ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

18. កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា

19. សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

20. តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ

21. អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ

22. ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន

23. ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង

24. ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ

សូមអានជំពូកពេញលេញ កិច្ចការ 8