គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 7:48-60 ព្រះគម្ពីរបរិសុទ្ធ (KHOV)

48. ប៉ុន្តែ ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ដៃ​មនុស្ស​ធ្វើ​នោះ​ឡើយ​ដូច​ជា​ហោរា​បាន​ទាយ​ថា

49. «ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​នឹង​ស្អាង​ដំណាក់​ណា​ឲ្យ​អញ ឬ​កន្លែង​ណា​ឲ្យ​អញ​ឈប់​សំរាក​បាន

50. តើ​មិន​មែន​ដៃ​អញ ដែល​បង្កើត​របស់​ទាំង​នេះ​ទេ​ឬ​អី»

51. ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ

52. តើ​មាន​ហោរា​ណា​មួយ ដែល​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​គេ​បាន​សំឡាប់​ពួក​អ្នក ដែល​ទាយ​ពី​ដំណើរ​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ក្បត់ ហើយ​សំឡាប់​ព្រះ‌អង្គ​នោះ

53. អ្នក​រាល់​គ្នា​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យ‌វិន័យ ដោយ​ព្រះ​ចាត់‌ចែង​ពួក​ទេវតា​មក តែ​មិន​បាន​កាន់​តាម​សោះ។

54. កាល​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​កើត​មាន​ចិត្ត​ក្តៅ​ក្រហាយ​ណាស់ ទាំង​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង

55. តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ

56. រួច​គាត់​មាន​វាចា​ថា មើល ខ្ញុំ​ឃើញ​មេឃ​ចំហ និង​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ

57. នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់

58. គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម ឯ​ពួក​ស្មរ​បន្ទាល់ គេ​ក៏​ផ្ញើ​អាវ​គេ​ដាក់​នៅ​ទៀប​ជើង​មនុស្ស​កំឡោះ​ម្នាក់ ឈ្មោះ​សុល

59. គេ​ចោល​ស្ទេផាន​នឹង​ថ្ម កំពុង​ដែល​គាត់​ទូល​អង្វរ​ដល់​ព្រះ​ថា ឱ​ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូល‌បង្គំ​ផង

60. នោះ​គាត់​លុត​ជង្គង់​ចុះ រួច​ស្រែក​ឡើង​ជា​សំឡេង​ខ្លាំង​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ កាល​គាត់​បាន​ពោល​ដូច្នោះ​ហើយ នោះ​ក៏​ដេក​លក់​ទៅ ឯ​សុល​ក៏​យល់​ព្រម​ក្នុង​ការ​សំឡាប់​គាត់​ដែរ។

សូមអានជំពូកពេញលេញ កិច្ចការ 7