គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 7:18-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដរាប​ដល់​មាន​ស្តេច​១​ទៀត​សោយ​រាជ្យ​ឡើង ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ

19. ស្តេច​នោះ​ប្រព្រឹត្ត​នឹង​សាសន៍​យើង​ដោយ​ឆ្លៀវ​ឆ្លាត ទាំង​ធ្វើ​ទុក្ខ​ដល់​ពួក​ឰយុកោ​យើង ដោយ​បង្ខំ​ឲ្យ​គេ​ចោល​អស់​ទាំង​កូន‌ង៉ែត​របស់​គេ​ចេញ មិន​ឲ្យ​មាន​នៅ​រស់​ឡើយ

20. នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ជា​កូន​យ៉ាង​ស្រស់​ល្អ​ដល់​ព្រះ គេ​ក៏​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​អស់​៣​ខែ

21. កាល​គេ​ត្រូវ​ដាក់​នៅ​ខាង​ក្រៅ​វិញ នោះ​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​ក៏​យក​ទៅ​ចិញ្ចឹម ទុក​ជា​កូន​បង្កើត

22. លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី និង​ការ​ធ្វើ​យ៉ាង​ចំណាន

23. កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ខ្លួន

24. លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់

25. ដ្បិត​លោក​ស្មាន​ថា បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ​ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ

26. លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ

27. តែ​អ្នក​១​ដែល​កំពុង​តែ​ធ្វើ​បាប​ដល់​អ្នក​ជិត​ខាង ក៏​ច្រាន​លោក​ចេញ​ដោយ​ពាក្យ​ថា តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង

28. តើ​ចង់​សំឡាប់​អញ ដូច​ជា​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ ពី​ថ្ងៃ​ម្សិល‌មិញ​ឬ​អី

29. កាល​ឮ​ពាក្យ​នោះ លោក​ម៉ូសេ​ក៏​រត់​ភៀស​ទៅ​ស្នាក់​នៅ​ស្រុក​ម៉ាឌាន​ទៅ ហើយ​បង្កើត​បាន​កូន​ប្រុស​២​នៅ​ស្រុក​នោះ​ឯង។

30. លុះ​ក្រោយ​មក​៤០​ឆ្នាំ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឲ្យ​លោក​ម៉ូសេ​ឃើញ​ក្នុង​អណ្តាត​ភ្លើង ដែល​ឆេះ​នៅ​គុម្ព​បន្លា​ត្រង់​ទី​រហោ‌ស្ថាន​ភ្នំ​ស៊ី‌ណាយ

31. កាល​លោក​ឃើញ នោះ​ក៏​ឆ្ងល់​នឹង​ការ​ជាក់​ស្តែង​នោះ រួច​លោក​ចូល​ទៅ​ជិត ដើម្បី​នឹង​ពិនិត្យ​មើល ស្រាប់​តែ​ឮ​សំឡេង​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ថា

32. «អញ​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ម៉ូសេ​ក៏​ញ័រ‌រន្ធត់ មិន​ហ៊ាន​មើល​ឡើយ

33. រួច​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា «ចូរ​ដោះ​ស្បែក​ជើង​ឯង​ចេញ ដ្បិត​កន្លែង​ដែល​ឯង​ឈរ​នោះ​ជា​ដី​បរិសុទ្ធ

34. អញ​បាន​ឃើញ​សេចក្ដី​ទុក្ខ​លំបាក ដែល​គេ​ធ្វើ​ដល់​រាស្ត្រ​អញ​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​ឮ​សូរ​ដំងូរ​របស់​គេ​ដែរ ហេតុ​នោះ​បាន​ជា​អញ​ចុះ​មក ដើម្បី​ប្រោស​ឲ្យ​គេ​រួច ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ»

35. ឯ​លោក​ម៉ូសេ​នេះ ដែល​គេ​មិន​ព្រម​ទទួល ដោយ​ថា «តើ​អ្នក​ណា​បាន​តាំង​ឲ្យ​ឯង​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​ចៅ‌ក្រម»ដូច្នេះ គឺ​លោក​នេះ​ហើយ ដែល​ព្រះ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ជា​ចៅ‌ហ្វាយ ហើយ​ជា​អ្នក​ជួយ​ឲ្យ​រួច ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ទេវតា ដែល​លេច​មក​ឲ្យ​លោក​ឃើញ ក្នុង​គុម្ព​បន្លា​នោះ

សូមអានជំពូកពេញលេញ កិច្ចការ 7