គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 5:5-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. កាល​អាន៉្នានាស​បាន​ឮ​ពាក្យ​នោះ គាត់​ក៏​ដួល​ដាច់​ខ្យល់​ទៅ ហើយ​អស់​អ្នក​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច

6. នោះ​ពួក​កំឡោះៗ​ក្រោក​ឡើង រុំ​ខ្មោច​យក​ទៅ​កប់

7. នៅ​គ្រា​ប្រហែល​ជា​៣​ម៉ោង​ក្រោយ​មក​ប្រពន្ធ​គាត់​ក៏​ចូល​មក ឥត​ដឹង​ការ​ដែល​កើត​មក​នោះ​សោះ

8. ពេត្រុស​សួរ​ថា សូម​ប្រាប់​ខ្ញុំ តើ​បាន​លក់​ដី​ថ្លៃ​ប៉ុណ្ណោះ​មែន​ឬ នាង​ឆ្លើយ​តប​ថា ចាស ពិត​មែន​ហើយ

9. រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា និង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ

10. នោះ​ស្រាប់​តែ​នាង​ដួល​ដាច់​ខ្យល់​១​រំពេច នៅ​ទៀប​ជើង​ពេត្រុស​ទៀត កាល​ពួក​កំឡោះ​បាន​ចូល​មក ឃើញ​នាង​ស្លាប់ នោះ​ក៏​សែង​យក​ទៅ​កប់ នៅ​ជិត​ខ្មោច​ប្ដី​ទៅ

11. រួច​ពួក​ជំនុំ​ទាំង​ប៉ុន្មាន និង​អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​នោះ ក៏​កើត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា។

12. មាន​ទី​សំគាល់ និង​ការ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​កើត​មក​ក្នុង​ពួក​ជំនុំ ដោយ‌សារ​ដៃ​ពួក​សាវក (គេ​បាន​ស្រុះ​ចិត្ត​ទាំង​អស់​គ្នា និង​នៅ​ក្នុង​បាំង‌សាច​សាឡូ‌ម៉ូន

13. ឯ​អ្នក​ឯ​ទៀត មិន​ហ៊ាន​ចូល​ក្នុង​ពួក​គេ​ឡើយ តែ​ប្រជា‌ជន​សរសើរ​ដល់​គេ

14. ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ‌អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី)

15. ដល់​ម៉្លេះ​បាន​ជា​គេ​យក​មនុស្ស ដែល​មាន​ជំងឺ​ផ្សេងៗ ចេញ​មក​នៅ​ផ្លូវ ផ្តេក​លើ​គ្រែ និង​ពូក ដើម្បី​កាល​ណា​ពេត្រុស​ដើរ​មក នោះ​សូម្បី​ហោច​ណាស់ ឲ្យ​គ្រាន់​តែ​ស្រមោល​គាត់ ចោល​ទៅ​លើ​ពួក​នោះ​ខ្លះ​ប៉ុណ្ណោះ

16. ឯ​បណ្តា​មនុស្ស ដែល​នៅ​អស់​ទាំង​ស្រុក​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មូល​គ្នា នាំ​ទាំង​មនុស្ស​មាន​ជំងឺ​មក ព្រម​ទាំង​មនុស្ស​អារក្ស‌អសោច​ចូល​ផង ហើយ​គេ​បាន​ជា​ទាំង​អស់​គ្នា។

17. រីឯ​សំដេច​សង្ឃ និង​អស់​អ្នក​នៅ​ជា​មួយ​នឹង​លោក ដែល​នៅ​ខាង​ពួក​សាឌូស៊ី គេ​លើក​គ្នា​ឡើង ដោយ​មាន​សេចក្ដី​កំហឹង​ដ៏​ពោរ‌ពេញ

18. ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំ​ទុក

19. ប៉ុន្តែ នៅ​វេលា​យប់​នោះ មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​បើក​ទ្វារ​គុក​នាំ​ចេញ​មក ប្រាប់​ថា

20. ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តា‌ជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ

21. កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

22. គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា

សូមអានជំពូកពេញលេញ កិច្ចការ 5