គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 5:20-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ចូរ​ទៅ​ឈរ​អធិប្បាយ​នៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​បណ្តា‌ជន​ស្តាប់​អស់​ទាំង​ព្រះ‌បន្ទូល ពី​ជីវិត​ថ្មី​នេះ​ទៅ

21. កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

22. គេ​ក៏​បាន​ទៅ​ដល់​គុក តែ​មិន​ឃើញ​ពួក​សាវក​នៅ​ក្នុង​គុក​ទេ រួច​ត្រឡប់​មក​វិញ​ជំរាប​ថា

23. យើង​ខ្ញុំ​បាន​ឃើញ​គុក​នៅ​បិទ​ទ្វារ​ជាប់ ទាំង​ប្រយ័ត្ន​គ្រប់​ជំពូក ព្រម​ទាំង​មាន​ពួក​យាម​ល្បាត​ឈរ​នៅ​មាត់​ទ្វារ​ផង តែ​កាល​បាន​បើក​ទៅ នោះ​មិន​ឃើញ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ទី​នោះ​សោះ

24. កាល​មេ​ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​សង្គ្រាជ​បាន​ឮ​ដូច្នោះ នោះ​ក៏​វល់​ក្នុង​ចិត្ត​ពី​ដំណើរ​ពួក​នោះ ដែល​កើត​ជា​យ៉ាង​ណា

25. តែ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា មើល ពួក​មនុស្ស​ដែល​លោក​បាន​ដាក់​គុក​នោះ ឥឡូវ​នេះ គេ​កំពុង​តែ​ឈរ​បង្រៀន​ដល់​ពួក​ជន នៅ​ក្នុង​ព្រះ‌វិហារ​វិញ

26. នោះ​មេ​ទ័ព និង​ពួក​អាជ្ញា ក៏​ទៅ​នាំ​គេ​មក ដោយ​ឥត​មាន​គំហក‌កំហែង​សោះ ដ្បិត​ខ្លាច​ក្រែង​បណ្តា‌ជន​ចោល​ខ្លួន​នឹង​ថ្ម

27. កាល​បាន​នាំ​មក​ដាក់​នៅ​មុខ​ក្រុម‌ជំនុំ​ហើយ នោះ​សំដេច​សង្ឃ​ស្តី​ថា

28. តើ​យើង​មិន​បាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់​គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬ​អី តែ​មើល ឯង​រាល់​គ្នា​បាន​បង្រៀន​សេចក្ដី​នោះ នៅ​ពេញ​ក្រុង​យេរូ‌សាឡិម​ទាំង​មូល​វិញ ព្រម​ទាំង​គិត​ទំលាក់​ទោស​ពី​ឈាម​មនុស្ស​នោះ​មក​លើ​យើង​ផង

29. តែ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស

30. រីឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ ដែល​លោក​រាល់​គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

31. ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ នឹង​ជា​ព្រះ‌អង្គ​សង្គ្រោះ ដើម្បី​នឹង​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប

32. យើង​ខ្ញុំ​នេះ ព្រម​ទាំង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ទ្រង់​ពី​ការ​ទាំង​នោះ។

33. លុះ​កាល​ពួក​ក្រុម‌ជំនុំ​បាន​ឮ នោះ​គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ពួក​សាវក​ចេញ

34. ប៉ុន្តែ មាន​ពួក​ផារិ‌ស៊ី​ម្នាក់ ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​មនុស្ស​ទាំង​អស់​រាប់​អាន លោក​ឈរ​ឡើង​ក្នុង​ក្រុម‌ជំនុំ បង្គាប់​ឲ្យ​បញ្ចេញ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន

35. រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​ប្រយ័ត្ន​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ

36. ដ្បិត​ពី​ដើម​មាន​ឈ្មោះ​ធើដាស លើក​ខ្លួន​ឡើង​ថា​ជា​អ្វីៗ ក៏​មាន​មនុស្ស​ចំនួន​ជា​៤​រយ​នាក់​បាន​ចូល​ពួក​វា តែ​វា​ត្រូវ​គេ​សំឡាប់​ទៅ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ចុះ​ចូល​ចំពោះ​វា ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​សូន្យ​អស់​ទៅ​ដែរ

37. ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់​ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ

38. ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន

សូមអានជំពូកពេញលេញ កិច្ចការ 5