គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 3:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

17. ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ

18. ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ​ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង

19. ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះ‌អម្ចាស់

20. ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះ‌អង្គ​នោះ ដែល​បាន​ដំរូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ

21. ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក

22. ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​ឰយុកោ​ថា «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ

23. ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ»

24. ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ

25. អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា និង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»

26. រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ។

សូមអានជំពូកពេញលេញ កិច្ចការ 3