គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 28:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដូច្នេះ អស់​អ្នក​ឯ​ទៀត ដែល​ឈឺ​នៅ​កោះ​នោះ ក៏​មក ហើយ​បាន​ជា​ដែរ

10. គេ​ក៏​រាប់​អាន​យើង​ជា​ខ្លាំង ហើយ​ដល់​វេលា​ដែល​យើង​ចេញ​ទៅ នោះ​គេ​បាន​ឲ្យ​គ្រប់​ទាំង​របស់​ដែល​យើង​ត្រូវ​ការ​ដែរ។

11. លុះ​៣​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​១​ទៅ ជា​សំពៅ​ដែល​មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ឈ្មោះ​ឌីអូស្គួរ ដែល​នៅ​នឹង​កោះ​នោះ​ក្នុង​រដូវ​រងា

12. កាល​បាន​ចូល​ចត​នៅ​ស៊ីរ៉ា‌គូស ក៏​នៅ​ក្រុង​នោះ​៣​ថ្ងៃ

13. ពី​ទី​នោះ​យើង​បើក​វាង​ទៅ​ដល់​រេគាម ហើយ​១​ថ្ងៃ​ក្រោយ​មក កើត​មាន​ខ្យល់​ពី​ខាង​ត្បូង ដល់​ថ្ងៃ​ទី​២​យើង​ទៅ​ដល់​ពូទី‌យ៉ូលី

14. នៅ​ទី​នោះ យើង​រក​ឃើញ​ពួក​ជំនុំ​ខ្លះ គេ​ក៏​សូម​ឲ្យ​យើង​នៅ​ជា​មួយ​អស់​៧​ថ្ងៃ គឺ​ដូច្នោះ​ឯង ដែល​យើង​បាន​ទៅ​ឯ​ក្រុង​រ៉ូម

15. រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស និង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។

16. គ្រា​ដល់​ក្រុង​រ៉ូម​ហើយ នោះ​មេ​ទ័ព​ក៏​ប្រគល់​ពួក​អ្នក​ទោស​ទៅ​លោក​មេ​បន្ទាយ ប៉ុន្តែ គេ​បើក​ឲ្យ​ប៉ុល​នៅ​ដោយ​ខ្លួន មាន​តែ​ទាហាន​១​ដែល​រក្សា​ប៉ុណ្ណោះ។

17. ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម

18. ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ

19. ប៉ុន្តែ ពួក​សាសន៍​យូដា​ប្រកែក​មិន​ព្រម បាន​ជា​បង្ខំ​ឲ្យ​ខ្ញុំ​សូម​រើ​ក្តី​ដល់​សេ‌សារ​វិញ មិន​មែន​ជា​ខ្ញុំ​មាន​ការណ៍​អ្វី នឹង​ចោទ​ប្រកាន់​ពី​សាសន៍​ខ្ញុំ​ទេ

20. ហេតុ​នោះ​បាន​ជា​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​គ្នា​មក ដើម្បី​ឲ្យ​បាន​ឃើញ​មុខ ហើយ​នឹង​ពិគ្រោះ​គ្នា ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​សាសន៍​អ៊ីស្រា‌អែលហើយ បាន​ជា​ខ្ញុំ​ជាប់​ច្រវាក់​ដូច្នេះ

21. គេ​ឆ្លើយ​ឡើង​ថា យើង​មិន​បាន​ទទួល​សំបុត្រ​ណា​ពី​ស្រុក​យូដា ពី​រឿង​អ្នក​សោះ ក៏​គ្មាន​បង​ប្អូន​ណា​មក​ប្រាប់​យើង ឬ​និយាយ​សេចក្ដី​អ្វី​អាក្រក់​ពី​អ្នក​ដែរ

សូមអានជំពូកពេញលេញ កិច្ចការ 28