គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. តែ​ព្រះ​ទ្រង់​បាន​ជួយ​ទូល‌បង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូល‌បង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ

23. គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។

24. កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ

25. តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ

26. ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ

27. បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ

28. ស្តេច​អ័គ្រីប៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ

29. រួច​ប៉ុល​ទូល​ថា ទូល‌បង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូល‌បង្គំ លើក​តែ​ចំណង​នេះ​ចេញ។

30. នោះ​ស្តេច ព្រម​ទាំង​ចៅ‌ហ្វាយ​ស្រុក និង​ព្រះ‌នាង​បេរេនីស ហើយ​នឹង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង

31. កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ

32. ហើយ​ស្តេច​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

សូមអានជំពូកពេញលេញ កិច្ចការ 26