គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 26:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ទូល‌បង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ

16. ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត

17. ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តា‌ជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ

18. ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ

19. ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូល‌បង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ

20. គឺ​ទូល‌បង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡិម និង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង

21. ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូល‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សំឡាប់​ទូល‌បង្គំ​ចោល

22. តែ​ព្រះ​ទ្រង់​បាន​ជួយ​ទូល‌បង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូល‌បង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ

23. គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។

24. កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ

25. តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ

26. ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ

សូមអានជំពូកពេញលេញ កិច្ចការ 26