គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 25:7-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. លុះ​គាត់​ចូល​មក​ដល់ នោះ​ពួក​សាសន៍​យូដា ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក គេ​ឈរ​នៅ​ជុំ‌វិញ ក៏​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​នឹង​រក​ភស្តុ‌តាង​បាន

8. តែ​គាត់​ដោះ​សារ​ខ្លួន​ថា ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ‌វិហារ ឬ​នឹង​សេ‌សារ​ក្តី

9. តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​អញ​ជំនុំ‌ជំរះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ

10. នោះ​ប៉ុល​ឆ្លើយ​ថា ខ្ញុំ​ប្របាទ​ឈរ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ក្តី​នៃ​សេ‌សារ ជា​កន្លែង​ដែល​គួរ​ជំនុំ‌ជំរះ​ខ្ញុំ​ប្របាទ ខ្ញុំ​ប្របាទ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ជា​ព្រះ‌តេជ‌ព្រះ‌គុណ​ក៏​ជ្រាប​ច្បាស់​ហើយ

11. បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ

12. ក្រោយ​ដែល​ភេស្ទុស​បាន​ពិគ្រោះ​នឹង​ក្រុម‌ជំនុំ នោះ​ក៏​ឆ្លើយ​ថា ឯង​បាន​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ បើ​ដូច្នេះ ឯង​ត្រូវ​ទៅ​ដល់​សេ‌សារ​ចុះ។

13. ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស

14. កាល​ទ្រង់​គង់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​លោក​ភេស្ទុស​ក៏​ទូល​ពី​រឿង​ប៉ុល ថ្វាយ​ស្តេច​ថា លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ ឲ្យ​ជាប់​គុក​នៅ​ទី​នេះ

15. ហើយ​កាល​ដែល​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូល‌បង្គំ ទាំង​សូម​ឲ្យ​ទូល‌បង្គំ​កាត់​ទោស​ឲ្យ

16. តែ​ទូល‌បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ

17. ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូល‌បង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក

18. តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូល‌បង្គំ​បាន​ស្មាន​នោះ​ទេ

19. គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា​នៅ​រស់​ទេ​ប៉ុណ្ណោះ

20. ហើយ​ដែល​ទូល‌បង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្ដី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ជំនុំ‌ជំរះ​ពី​រឿង​នោះ​ឬ​ទេ

21. តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូល‌បង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូល‌បង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​ឯ​សេ‌សារ

22. ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នោះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។

សូមអានជំពូកពេញលេញ កិច្ចការ 25