គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 25:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ហើយ​កាល​ដែល​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យូដា បាន​ប្តឹង​ទូល‌បង្គំ ទាំង​សូម​ឲ្យ​ទូល‌បង្គំ​កាត់​ទោស​ឲ្យ

16. តែ​ទូល‌បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​មនុស្ស​ណា​ឲ្យ​ត្រូវ​ស្លាប់ មុន​ដែល​ចុង​ចំឡើយ​មាន​ពួក​ដើម​ចោទ​នៅ​មុខ​ខ្លួន ហើយ​មាន​ឱកាស​នឹង​ដោះ​សា​ពី​រឿង​គេ​ចោទ​នោះ​ឡើយ

17. ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូល‌បង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក

18. តែ​កាល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​វា​អំពី​រឿង​អ្វី ឲ្យ​ដូច​ដែល​ទូល‌បង្គំ​បាន​ស្មាន​នោះ​ទេ

19. គេ​គ្រាន់​តែ​ប្រកាន់​ពី​របៀប​សាសនា​គេ ហើយ​ពី​ដំណើរ​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​ប៉ុល​ប្រកាន់​ថា​នៅ​រស់​ទេ​ប៉ុណ្ណោះ

20. ហើយ​ដែល​ទូល‌បង្គំ​ទ័ល​គំនិត​នឹង​ពិចារណា​ពី​សេចក្ដី​នោះ ក៏​សួរ​វា បើ​វា​សុខ​ចិត្ត​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ជំនុំ‌ជំរះ​ពី​រឿង​នោះ​ឬ​ទេ

21. តែ​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ ឲ្យ​បាន​ជ្រាប​វិញ បាន​ជា​ទូល‌បង្គំ​បង្គាប់​ឲ្យ​ឃុំ​ទុក​សិន ទំរាំ​តែ​ទូល‌បង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​ឯ​សេ‌សារ

22. ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នោះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។

23. ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា និង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ និង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក

24. លោក​ភេស្ទុស​ក៏​ទូល​ថា ឱ​ព្រះ‌ករុណា​អ័គ្រីប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះ ជា​មួយ​នឹង​យើង​ខ្ញុំ​អើយ សូម​ទត​មើល​មនុស្ស​នេះ ដែល​បណ្តា‌ជន​សាសន៍​យូដា​ទាំង​ប៉ុន្មាន បាន​ប្តឹង​ដល់​ទូល‌បង្គំ កាល​នៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​នៅ​ទី​នេះ​ដែរ ដោយ​សំរែក​ថា មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

25. តែ​ទូល‌បង្គំ​មិន​ឃើញ​ថា មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​សោះ ហើយ​ដែល​ខ្លួន​វា​បាន​សូម​រើ​ក្តី​ដល់​មហា‌រាជ​អូគូស្ទ​វិញ នោះ​បាន​ជា​ទូល‌បង្គំ​សំរេច​ថា នឹង​បញ្ជូន​វា​ឲ្យ​ទៅ​ចុះ

26. តែ​ទូល‌បង្គំ​គ្មាន​រឿង​អ្វី​ជា​ប្រាកដ នឹង​សរសេរ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ពី​ដំណើរ​វា​ទេ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នាំ​វា​មក​នៅ​ទី​ចំពោះ​មុខ​នៃ​អស់​លោក​ទាំង‌ឡាយ មាន​ព្រះ‌រាជា​ជា​ដើម ឱ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ដើម្បី​កាល​ណា​បាន​ពិចារណា​សួរ​វា​រួច​ហើយ នោះ​ទូល‌បង្គំ​នឹង​បាន​រឿង​អ្វី​ខ្លះ ឲ្យ​ដាក់​ចុះ​ក្នុង​សំបុត្រ

សូមអានជំពូកពេញលេញ កិច្ចការ 25