គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 24:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​៥​ថ្ងៃ​មក អាន៉្នានាស ជា​សំដេច​សង្ឃ​ក៏​ចុះ​ទៅ ជា​មួយ​នឹង​ពួក​ចាស់‌ទុំ នាំ​ទាំង​មនុស្ស​ម្នាក់​មាន​វោហារ ឈ្មោះ​ទើទូ‌លុស​ទៅ​ផង ដើម្បី​ឲ្យ​ចូល​ទៅ​ប្តឹង​លោក​ចៅ‌ហ្វាយ​ពី​រឿង​ប៉ុល

2. កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូ‌លុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា

3. ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ភេលីច​អើយ សាសន៍​យើង​ខ្ញុំ​បាន​សេចក្ដី​សុខ​ប្រពៃ ដោយ‌សារ​លោក​ម្ចាស់ ក៏​មាន​ចំរើន​ការ​ផ្លាស់​ប្រែ​យ៉ាង​ប្រសើរ ដែល​មាន​ប្រយោជន៍​ដល់​សាសន៍​យើង​ខ្ញុំ​នេះ ដោយ‌សារ​គំនិត​លោក​ម្ចាស់ ហើយ​ទោះ​បើ​នៅ​វេលា​ណា ឬ​កន្លែង​ណា​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​ទទួល​ការ​ទាំង​នោះ​ដោយ​អំណរ ទាំង​អរ‌គុណ​ដល់​លោក​ម្ចាស់​គ្រប់​ជំពូក​ដែរ

4. តែ​ដើម្បី​កុំ​ឲ្យ​បង្ខាត​ពេល​លោក​ម្ចាស់​ទៀត នោះ​សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​បន្តិច

5. ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ៍​នេះ​បះ‌បោរ​ឡើង

6. ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ

7. ប៉ុន្តែ លោក​លូស៊ា ជា​មេ​ទ័ព​ធំ បាន​មក​កន្ត្រាក់​យក​វា​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សំបើម

8. ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ

9. ឯ​ពួក​សាសន៍​យូដា ក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ប្រាកដ​មែន។

10. កាល​លោក​ចៅ‌ហ្វាយ បាន​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​ប៉ុល​និយាយ នោះ​គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​ប្របាទ​នឹង​ដោះ​សារ​រឿង​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ព្រះ‌តេជ‌ព្រះ‌គុណ​បាន​ធ្វើ​ជា​ចៅ‌ក្រម​លើ​សាសន៍​នេះ​ជា​យូរ​ឆ្នាំ​ហើយ

11. ក៏​អាច​នឹង​ជ្រាប​ថា តាំង​ពី​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​១២​ថ្ងៃ​ទេ

12. គេ​ក៏​មិន​បាន​ឃើញ​ខ្ញុំ​ប្របាទ កំពុង​ដែល​ជជែក​នឹង​អ្នក​ណា នៅ​ក្នុង​ព្រះ‌វិហារ ឬ​ប្រមូល​ញុះ‌ញង់​បណ្តា​មនុស្ស​ដែរ ទោះ​បើ​ក្នុង​សាលា​ប្រជុំ​គេ ឬ​កន្លែង​ណា​នៅ​ក្នុង​ទី​ក្រុង​ក្តី

13. គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ

14. ប៉ុន្តែ សូម​ជំរាប​លោក​ម្ចាស់​តាម​ត្រង់​ថា ខ្ញុំ​ប្របាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ តាម​របៀប​ដែល​គេ​ហៅ​ថា ក្បត់​សាសនា ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​អស់​ទាំង​សេចក្ដី ដែល​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ពួក​ហោរា

15. ហើយ​ខ្ញុំ​ប្របាទ​មាន​សេចក្ដី​សង្ឃឹម​ដល់​ព្រះ ដែល​គេ​ក៏​យល់​ព្រម​ដែរ គឺ​ថា ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់

សូមអានជំពូកពេញលេញ កិច្ចការ 24