គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:22-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។

23. លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ និង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា

24. ហើយ​ឲ្យ​មាន​ជំនិះ​សំរាប់​ប៉ុល​ជិះ​ដែរ ដើម្បី​នឹង​នាំ​ទៅ​ឯ​លោក​ភេលីច ជា​ចៅ‌ហ្វាយ​ខេត្ត ដោយ​សុខ​សាន្ត

25. លោក​ក៏​ធ្វើ​សំបុត្រ​១​ច្បាប់ មាន​សេចក្ដី​បែប​ដូច្នេះ​ថា

26. សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅ‌ហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប

27. មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ

28. ហើយ​ដែល​ខ្ញុំ​ចង​ដឹង ពី​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​វា នោះ​ខ្ញុំ​បាន​នាំ​ចុះ​ទៅ​នៅ​មុខ​ក្រុម‌ជំនុំ​របស់​គេ

29. ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ

30. កាល​មាន​គេ​មក​ប្រាប់​ខ្ញុំ​ពី​ឧបាយ‌កល ដែល​ពួក​សាសន៍​យូដា​គិត​ធ្វើ​ដល់​វា នោះ​ខ្ញុំ​ក៏​បញ្ជូន​មក​ឯ​លោក​ភ្លាម ទាំង​ប្រាប់​ពួក​អ្នក​ដើម​ចោទ ឲ្យ​គេ​មក​ចោទ​ប្រកាន់​នៅ​ចំពោះ​លោក​ចុះ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត សេចក្ដី​គួរ​ពុំ​គួរ សូម​ទាន​អភ័យ‌ទោស។

31. ដូច្នេះ ពួក​ពល​ក៏​នាំ​យក​ប៉ុល​ទាំង​យប់ ទៅ​ឯ​ក្រុង​អាន់‌ទី‌ប៉ា‌ទ្រីស តាម​បង្គាប់

32. ស្អែក​ឡើង គេ​ទុក​ពល​សេះ​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់ រួច​គេ​ត្រឡប់​មក​ឯ​បន្ទាយ​វិញ

33. កាល​ចូល​ក្រុង​សេសារា ហើយ​ជូន​សំបុត្រ​ដល់​លោក​ចៅ‌ហ្វាយ នោះ​ក៏​ប្រគល់​ប៉ុល​ទៅ​លោក​ដែរ

34. កាល​លោក​បាន​មើល​សំបុត្រ​រួច​ជា​ស្រេច​ហើយ នោះ​លោក​សួរ​ពី​គាត់​នៅ​ខេត្ត​ណា លុះ​ជ្រាប​ថា នៅ​ស្រុក​គីលីគា

35. ក៏​មាន​ប្រសាសន៍​ថា ចាំ​កាល​ណា​ពួក​ដើម​ចោទ​បាន​ចុះ​មក​ដល់ នោះ​អញ​នឹង​ស្តាប់​រឿង​ឯង​សព្វ​គ្រប់ រួច​លោក​បង្គាប់​ឲ្យ​ឃុំ​គាត់ ទុក​ក្នុង​សាលា​ជំនុំ​របស់​ស្តេច​ហេរ៉ូឌ។

សូមអានជំពូកពេញលេញ កិច្ចការ 23