គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:12-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ

13. ឯ​មនុស្ស​ដែល​បង្កើត​ឧបាយ​យ៉ាង​នេះ មាន​ជាង​៤០​នាក់

14. គេ​ក៏​ទៅ​ជំរាប​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ថា យើង​ខ្ញុំ​បាន​ស្បថ​ថា មិន​ភ្លក់​អ្វី​សោះ ទាល់​តែ​បាន​សំឡាប់​ប៉ុល​ចេញ

15. ដូច្នេះ សូម​ឲ្យ​លោក​ទាំង‌ឡាយ និង​ពួក​ក្រុម‌ជំនុំ ចាត់​ឲ្យ​ទៅ​សូម​វា​ពី​លោក​មេ​ទ័ព​ធំ​មក​ឥឡូវ ដើម្បី​ឲ្យ​លោក​នាំ​វា​ចុះ​មក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ ពី​ដំណើរ​វា ឲ្យ​ច្បាស់‌លាស់​ឡើង ឯ​ពួក​យើង​ខ្ញុំ ក៏​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​សំឡាប់​វា មុន​ដែល​វា​ចូល​មក​ដល់​ផង។

16. ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល

17. នោះ​ប៉ុល គាត់​ហៅ​មេ​ទ័ព​រង​ម្នាក់​មក​ជំរាប​ថា សូម​នាំ​អ្នក​កំឡោះ​នេះ​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ទៅ ដ្បិត​វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​លោក

18. អ្នក​នោះ​ក៏​នាំ​វា​ទៅ​ឯ​លោក​មេ​ទ័ព​ធំ​ជំរាប​ថា ប៉ុល ជា​អ្នក​ទោស​បាន​ហៅ​ខ្ញុំ ហើយ​សូម​ខ្ញុំ​ឲ្យ​នាំ​អ្នក​កំឡោះ​នេះ​មក​ឯ​លោក វា​មាន​រឿង​ខ្លះ​ចង់​ជំរាប​ដល់​លោក

19. មេ​ទ័ព​ក៏​ចាប់​ដៃ​វា នាំ​ទៅ​ដោយ‌ឡែក សួរ​ថា ឯង​មាន​រឿង​អ្វី​នឹង​ប្រាប់​ដល់​អញ​ខ្លះ

20. វា​ជំរាប​ថា ពួក​សាសន៍​យូដា​បាន​ស្រុះ​ចិត្ត​គ្នា​នឹង​សូម​លោក ឲ្យ​នាំ​ប៉ុល​ចុះ​ទៅ​ឯ​ពួក​ក្រុម‌ជំនុំ នៅ​វេលា​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​ពិចារណា​សួរ​ពី​ដំណើរ​គាត់ ឲ្យ​ច្បាស់​ឡើង

21. ដូច្នេះ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​មាន​ពួក​គេ​ចំនួន​ជាង​៤០​នាក់ បាន​លប​ចាំ​គាត់​តាម​ផ្លូវ គេ​បាន​ស្បថ​ថា មិន​ស៊ី​មិន​ផឹក​អ្វី​ឡើយ ទាល់​តែ​បាន​សំឡាប់​គាត់​ចេញ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ​ទេ

22. នោះ​មេ​ទ័ព​ធំ​ឲ្យ​អ្នក​កំឡោះ​នោះ​ទៅ​វិញ ទាំង​ហាម​មិន​ឲ្យ​ប្រាប់​ដល់​អ្នក​ណា ពី​ដំណើរ​ដែល​វា​ជំរាប​លោក​នោះ​ឡើយ។

សូមអានជំពូកពេញលេញ កិច្ចការ 23