គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 23:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ប៉ុល​ក៏​សំឡឹង​មើល​ទៅ​ពួក​ក្រុម‌ជំនុំ និយាយ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​បញ្ញា​ចិត្ត​ជ្រះ​ស្អាត​នៅ​ចំពោះ​ព្រះ ដរាប​មក​ដល់​ថ្ងៃ​នេះ

2. តែ​អាន៉្នានាស ជា​សំដេច​សង្ឃ លោក​បង្គាប់​ដល់​ពួក​អ្នក​ដែល​ឈរ​ជិត ឲ្យ​ទះ​មាត់​គាត់

3. នោះ​ប៉ុល​និយាយ​ទៅ​លោក​ថា ឱ​កំផែង​លាប​សអើយ ព្រះ​ទ្រង់​នឹង​វាយ​លោក​វិញ លោក​អង្គុយ​ជំនុំ‌ជំរះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ដូច​ម្តេច​បាន​ជា​ហ៊ាន​បង្គាប់​ឲ្យ​គេ​វាយ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ

4. ឯ​ពួក​អ្នក​ដែល​ឈរ​ជិត​ក៏​ស្តី​ឲ្យ​គាត់​ថា តើ​ឯង​ហ៊ាន​ដៀល​ដល់​សំដេច​សង្ឃ​នៃ​ព្រះ​ដែរ​ឬ

5. ប៉ុល​ឆ្លើយ​ថា បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សំដេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មិន​ត្រូវ​និយាយ​អាក្រក់ ពី​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ»

6. កាល​ប៉ុល​បាន​ដឹង​ថា ពួក​គេ​១​ចំណែក​ជា​ពួក​សាឌូស៊ី ហើយ​១​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី នោះ​គាត់​បន្លឺ​សំឡេង​ឡើង​ក្នុង​ពួក​ក្រុម‌ជំនុំ​ថា បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ហើយ​ជា​កូន​នៃ​ពួក​ផារិ‌ស៊ី ខ្ញុំ​ជាប់​ជំនុំ‌ជំរះ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ

7. កាល​គាត់​និយាយ​ដូច្នោះ​ហើយ នោះ​ពួក​ផារិ‌ស៊ី និង​ពួក​សាឌូស៊ី គេ​កើត​ទាស់‌ទែង​គ្នា បណ្តា​ជំនុំ​ក៏​បែក‌ខ្ញែក​ដែរ

8. ដ្បិត​ពួក​សាឌូស៊ី​ប្រកាន់​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ ក៏​គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ផង តែ​ពួក​ផារិ‌ស៊ី​ជឿ​ថា មាន​វិញ

9. នោះ​កើត​មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​ពួក​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិ‌ស៊ី ក៏​ឈរ​ឡើង​ជជែក​ថា យើង​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​ខុស​អ្វី​សោះ តែ​បើ​មាន​វិញ្ញាណ ឬ​ទេវតា​បាន​និយាយ​នឹង​គាត់ នោះ​ធ្វើ​ដូច​ម្តេច​វិញ

10. លុះ​កើត​ទាស់​គ្នា​ជា​ខ្លាំង​ដូច្នោះ នោះ​មេ​ទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន​ចុះ​ទៅ យក​គាត់​ពី​កណ្តាល​គេ​មក ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ក្រែង​លោ​គេ​ប្រញាយ​ហែក​គាត់​ខ្ទេច‌ខ្ទី​ទៅ។

11. នៅ​វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​ឈរ​ជិត​គាត់​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង ប៉ុល​អើយ ដ្បិត​អ្នក​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម ដូច​ជា​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមអានជំពូកពេញលេញ កិច្ចការ 23