គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 22:21-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។

22. គេ​ក៏​ស្តាប់​គាត់ ដរាប​ដល់​ពាក្យ​នោះ រួច​គេ​ស្រែក​កាត់​ឡើង​ថា ចូរ​ដក​មនុស្ស​យ៉ាង​នេះ​ពី​ផែនដី​ចេញ ដ្បិត​មិន​គួរ​ឲ្យ​វា​នៅ​រស់​ទៀត​ទេ

23. ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​ស្រែក​ឡើង ទាំង​កន្ត្រាក់​ដោះ​អាវ​គេ​ចេញ ហើយ​បាច​ធូលី​ដី​ទៅ​លើ

24. នោះ​បាន​ជា​មេ​ទ័ព​ធំ​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ រួច​ប្រាប់​ឲ្យ​វាយ​សួរ​ចំឡើយ ដើម្បី​ឲ្យ​ដឹង​ពី​ហេតុ​អ្វី បាន​ជា​គេ​ស្រែក​ទាស់​នឹង​គាត់​ជា​ខ្លាំង​ម៉្លេះ

25. ប៉ុន្តែ កំពុង​ដែល​គេ​យក​ខ្សែ​មក​ចង​ប៉ុល​ឲ្យ​ចំកោង នោះ​គាត់​និយាយ​ទៅ​មេ​ទ័ព​រង​ដែល​ឈរ​នៅ​ទី​នោះ​ថា តើ​មាន​ច្បាប់​នឹង​វាយ​សាសន៍​រ៉ូម​នឹង​រំពាត់ មុន​ដែល​កាត់​ទោស​ដែរ​ឬ​អី

26. លុះ​មេ​ទ័ព​រង​ឮ​ដូច្នេះ នោះ​ក៏​ទៅ​ជំរាប​ដល់​មេ​ទ័ព​ធំ​ថា លោក​គិត​ធ្វើ​អ្វី​ដូច្នេះ ដ្បិត​មនុស្ស​នោះ​ជា​សាសន៍​រ៉ូម

27. នោះ​មេ​ទ័ព​ធំ​ចូល​មក​សួរ​ប៉ុល​ថា ចូរ​ប្រាប់​អញ ឯង​ជា​សាសន៍​រ៉ូម​ឬ គាត់​ឆ្លើយ​ថា បាទ

28. លោក​ក៏​និយាយ​ថា អញ​បាន​បង់​ប្រាក់​ច្រើន​ណាស់ ដើម្បី​ឲ្យ​បាន​ចូល​ជាតិ​រ៉ូម​នេះ តែ​ប៉ុល​និយាយ​ថា ខ្ញុំ​នេះ​កើត​មក​ជា​សាសន៍​រ៉ូម​តែ​ម្តង

29. ដូច្នេះ ពួក​អ្នក​ដែល​ត្រូវ​សួរ​ចំឡើយ ក៏​ថយ​ចេញ​ជា​១​រំពេច ហើយ​មេ​ទ័ព​ធំ​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម ពី​ព្រោះ​បាន​ជ្រុល​ជា​ចង​គាត់​ហើយ។

30. ដល់​ថ្ងៃ​ស្អែក​ឡើង លោក​ក៏​ស្រាយ​ចំណង ហើយ​ប្រាប់​ដល់​ពួក​សង្គ្រាជ និង​ពួក​ក្រុម‌ជំនុំ​ទាំង​អស់ ឲ្យ​ប្រជុំ​គ្នា រួច​លោក​នាំ​ប៉ុល​ចុះ​មក ដាក់​នៅ​កណ្តាល​ពួក​គេ ដោយ​ចង់​ដឹង​ច្បាស់ ពី​ហេតុ​អ្វី​បាន​ជា​ពួក​សាសន៍​យូដា​ចោទ​ប្រកាន់​គាត់​ដូច្នោះ។

សូមអានជំពូកពេញលេញ កិច្ចការ 22