គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 21:5-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង

6. កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ

7. លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ

8. ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល និង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់

9. អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ

10. លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក

11. លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ

12. កាល​ឮ​ដូច្នោះ នោះ​យើង និង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ

13. តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ

14. នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។

15. លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

16. ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង។

17. គ្រា​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ

18. ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ

19. កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​នីមួយៗ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់

20. គេ​ឮ​ដូច្នោះ ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​គ្នា

21. ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង

22. ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ

សូមអានជំពូកពេញលេញ កិច្ចការ 21