គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 21:18-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ថ្ងៃ​ស្អែក​ឡើង ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ

19. កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​នីមួយៗ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់

20. គេ​ឮ​ដូច្នោះ ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​គ្នា

21. ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង

22. ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ

23. ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ

24. ចូរ​បង​នាំ​យក​គេ​ទៅ​លា​បំណន់​ជា​មួយ​គ្នា ហើយ​ចេញ​សោហ៊ុយ​ឲ្យ​គេ​ផង ដើម្បី​ឲ្យ​គេ​បាន​កោរ​សក់​ចេញ នោះ​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សេចក្ដី​ដែល​គេ​ឮ​និយាយ​ពី​បង​នោះ​មិន​ពិត​ទេ គឺ​ខ្លួន​បង​តែង​ប្រព្រឹត្ត​ទៀង​ត្រង់ ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ដែរ

25. ឯ​ពួក​សាសន៍​ដទៃ​ដែល​ជឿ នោះ​យើង​បាន​ផ្ញើ​សំបុត្រ​ទៅ​ហើយ ដោយ​សំរេច​ថា មិន​ចាំ​បាច់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​ទាំង​នោះ​ទេ ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​អ្វី ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឈាម និង​សត្វ​សំឡាប់​ដោយ​ច្របាច់​ក ហើយ​នឹង​សេចក្ដី​កំផិត​ប៉ុណ្ណោះ

26. នោះ​ប៉ុល​ក៏​នាំ​យក​អ្នក​ទាំង​នោះ​ទៅ លុះ​ស្អែក​ឡើង កាល​បាន​ញែក​ជា​បរិសុទ្ធ​ជា​មួយ​នឹង​គេ​ហើយ ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​ប្រាប់​ពី​កំណត់​ដែល​ត្រូវ​បាន​បរិសុទ្ធ ចាំ​ទំរាំ​ដល់​បាន​ថ្វាយ​ដង្វាយ​សំរាប់​គេ​គ្រប់​គ្នា។

27. កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា

28. នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រា‌អែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង និង​ក្រឹត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង

29. ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង

30. នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តា‌ជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម

31. តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម

32. លោក​ក៏​យក​ទាហាន និង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក និង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល

33. លោក​ចូល​ទៅ​ចាប់​គាត់ ហើយ​បង្គាប់​ឲ្យ​ដាក់​ច្រវាក់​២​ខ្សែ រួច​ស៊ើប​សួរ​ពី​គាត់​ជា​អ្នក​ណា ហើយ​បាន​ធ្វើ​អ្វី​ខ្លះ

34. តែ​ក្នុង​ហ្វូង​មនុស្ស ខ្លះ​ស្រែក​យ៉ាង​នេះ ខ្លះ​ស្រែក​យ៉ាង​នោះ ដូច្នេះ លោក​ពុំ​អាច​នឹង​ដឹង​អ្វី​ជា​ប្រាកដ​បាន ដោយ​ព្រោះ​មាន​សូរ‌ស៊ាន‌អឺង‌កង​ជា​ខ្លាំង បាន​ជា​លោក​បង្គាប់​ឲ្យ​នាំ​គាត់​ចូល​ទៅ​ក្នុង​បន្ទាយ

សូមអានជំពូកពេញលេញ កិច្ចការ 21