គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 20:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន ក៏​ចាំ​យើង​រាល់​គ្នា​នៅ​ត្រង់​ក្រុង​ទ្រអាស

6. ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​យើង​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​ភីលីព​ទៅ​៥​ថ្ងៃ ទើប​បាន​ដល់​ទៅ​គេ​នៅ​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​អស់​៧​ថ្ងៃ។

7. លុះ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យនោះ កាល​ពួក​សិស្ស​បាន​ប្រជុំ​គ្នា ដើម្បី​កាច់​នំបុ័ង នោះ​ប៉ុល​ក៏​អធិប្បាយ​ឲ្យ​គេ​ស្តាប់ ដោយ​ព្រោះ​គាត់​រៀប​នឹង​ចេញ​ដំណើរ​ទៅ នៅ​ថ្ងៃ​ស្អែក ក៏​សំដែង​ដរាប​ដល់​ពេល​កណ្តាល​អធ្រាត្រ

8. រីឯ​នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ប្រជុំ នោះ​មាន​ចង្កៀង​ជា​ច្រើន

9. គ្រា​នោះ មាន​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អើទី‌កុស វា​អង្គុយ​នៅ​បង្អួច ក៏​យន់​ជា​ខ្លាំង​ពេក ក្នុង​ពេល​ដែល​ប៉ុល​អធិប្បាយ​ជា​យូរ​ទៅ​ទៀត រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​៣​ទៅ​ខាង​ក្រោម នោះ​គេ​លើក​វា​ឡើង​បាន​ស្លាប់​ហើយ

10. តែ​ប៉ុល​ចុះ​ទៅ​ទ្រោប​ពី​លើ​វា​ឱប​ត្រកង រួច​និយាយ​ថា កុំ​យំ​ស្រែក​អ្វី​ឡើយ ដ្បិត​វា​មាន​ជីវិត​ទេ

11. កាល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​កាច់​នំបុ័ង​បរិភោគ​ទៅ នោះ​ក៏​និយាយ​គ្នា​ជា​យូរ​ទៅ​ទៀត ដរាប​ដល់​ភ្លឺ ទើប​គាត់​ចេញ​ដំណើរ​ទៅ

12. គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

13. ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ

14. កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន

15. ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ូស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត

16. ដ្បិត​ប៉ុល​បាន​សំរេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។

17. ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក

សូមអានជំពូកពេញលេញ កិច្ចការ 20