គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 20:12-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. គេ​ក៏​នាំ​ក្មេង​ជំទង់​នោះ​មក​វិញ​ទាំង​រស់ ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។

13. ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ

14. កាល​គាត់​មក​ដល់​យើង​នៅ​ត្រង់​អាសុស នោះ​យើង​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ឯ​មីទូលេន

15. ក៏​ចេញ​ពី​ទី​នោះ រួច​ស្អែក​ឡើង​បាន​ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស ហើយ​ដល់​ថ្ងៃ​ក្រោយ​ទៀត យើង​បាន​ដល់​ទៅ​សាម៉ូស រួច​ចូល​ចត​នៅ​ក្រុង​ទ្រគីលាម លុះ​ថ្ងៃ​ក្រោយ​ទៀត ទើប​បាន​ដល់​ទៅ​ក្រុង​មីលេត

16. ដ្បិត​ប៉ុល​បាន​សំរេច​នឹង​ទៅ​បង្ហួស​ក្រុង​អេភេសូរ ដើម្បី​មិន​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ដោយ​គាត់​ប្រញាប់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​៥០ បើ​សិន​ជា​បាន។

17. ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក

18. លុះ​មក​ដល់​ហើយ គាត់​និយាយ​ទៅ​គេ​ថា ឯ​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​គ្រប់​វេលា ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចូល​ទៅ​ស្រុក​អាស៊ី​មុន​ដំបូង

19. គឺ​ដែល​ខ្ញុំ​បាន​បំរើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព​គ្រប់​ជំពូក ហើយ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច‌កល​របស់​ពួក​សាសន៍​យូដា​បែប​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

20. ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង

21. ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

22. ឥឡូវ​នេះ មើល ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ក្នុង​ចិត្ត ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឥត​ដឹង​ការ​អ្វី ដែល​នឹង​កើត​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ

23. ដឹង​តែ​ប៉ុណ្ណេះ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ដល់​ខ្ញុំ នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​សេចក្ដី​វេទនា នៅ​រង់‌ចាំ​ខ្ញុំ

24. ប៉ុន្តែ នោះ​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​ព្រះ​វិញ

25. ឥឡូវ​នេះ មើល ខ្ញុំ​ដឹង​ហើយ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក​ជា​មួយ ដោយ​ភប់‌ប្រសព្វ​គ្នា ទាំង​ប្រកាស​ប្រាប់​ពី​នគរ​នៃ​ព្រះ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ

26. ដូច្នេះ ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ខ្ញុំ​បរិសុទ្ធ​ពី​ឈាម​អ្នក​រាល់​គ្នា​ទាំង​អស់

27. ព្រោះ​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​គំនិត​របស់​ព្រះ​ទេ

28. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ

29. ដ្បិត​ខ្ញុំ​ដឹង​ថា ក្រោយ​ដែល​ខ្ញុំ​ទៅ​បាត់ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង វា​នឹង​ចូល​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា

30. ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ

31. ដូច្នេះ ឲ្យ​ចាំ​យាម​ចុះ ចូរ​នឹក​ចាំ​ថា ក្នុង​រវាង​៣​ឆ្នាំ ខ្ញុំ​ចេះ​តែ​ប្រដៅ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​នីមួយៗ ដោយ​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ

32. ឥឡូវ​នេះ ខ្ញុំ​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ ហើយ​នឹង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​កេរ‌អាករ​នៅ​ក្នុង​ពួក​នៃ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ

សូមអានជំពូកពេញលេញ កិច្ចការ 20