30. ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក
31. គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ
32. ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា
33. ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់
34. ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែ លោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ
35. ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង»
36. ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។
37. កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច
38. ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ