គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:29-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

30. ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក

31. គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ

32. ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា

33. ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់

34. ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ ប៉ុន្តែ លោក​បាន​និយាយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ

35. ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»

36. ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះ‌យេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌គ្រីស្ទ​ផង។

37. កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច

38. ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

39. ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​សន្យា​ដល់​អ្នក​រាល់​គ្នា និង​កូន​ចៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ដែរ គឺ​ដល់​អស់​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ហៅ

40. គាត់​ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ទូន្មាន​ដោយ​ពាក្យ​ជា​ច្រើន​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​រួច​ពី​ពូជ​ដំណ​វៀច​នេះ

41. នោះ​ពួក​អ្នក​ដែល​ទទួល​ពាក្យ​របស់​គាត់​ដោយ​អំណរ ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ មាន​ប្រហែល​ជា​៣​ពាន់​នាក់​ថែម​កើន​ឡើង​ទៀត។

សូមអានជំពូកពេញលេញ កិច្ចការ 2