គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:15-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ

16. នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា

17. «ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ

18. នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ

19. អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ និង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​នឹង​កំសួល​ផ្សែង

20. ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់

21. នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»

22. ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

23. ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច និង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង

24. ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ

25. ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល‌បង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូល‌បង្គំ ដើម្បី​មិន​ឲ្យ​ទូល‌បង្គំ​ត្រូវ​រង្គើ​ឡើយ

26. ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល‌បង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូល‌បង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូល‌បង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ

27. ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូល‌បង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ

28. ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូល‌បង្គំ​បាន​ពេញ​ដោយ​សេចក្ដី​អំណរ ដោយ​ភាព​នៃ​ព្រះ‌ភក្ត្រ​ទ្រង់»

29. ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

30. ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក

31. គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ

32. ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា

សូមអានជំពូកពេញលេញ កិច្ចការ 2