គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង ដូច​ជា​អ្នក​រាល់​គ្នា​គិត​ស្មាន​នោះ​ទេ ព្រោះ​ទើប​នឹង​ម៉ោង​៩​ព្រឹក​នៅ​ឡើយ

16. នេះ​គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​យ៉ូអែល​វិញ ដែល​លោក​ទាយ​ទុក​មក​ថា

17. «ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​នឹង​ទាយ​ទំនាយ ពួក​កំឡោះ​ឯង​រាល់​គ្នា នឹង​ឃើញ​ការ​ជាក់​ស្តែង ហើយ​ពួក​ចាស់ៗ របស់​ឯង​រាល់​គ្នា​នឹង​យល់​សប្តិ

18. នៅ​គ្រា​នោះ អញ​នឹង​ចាក់​ព្រះ‌វិញ្ញាណ​អញ ទៅ​លើ​ទាំង​ពួក​អ្នក​បំរើ​ប្រុស​ស្រី​ផង ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ

19. អញ​នឹង​សំដែង​ការ​អស្ចារ្យ នៅ​លើ​មេឃ និង​ទី​សំគាល់​នៅ​ផែនដី គឺ​ជា​ឈាម ភ្លើង ហើយ​នឹង​កំសួល​ផ្សែង

20. ថ្ងៃ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​ឧត្តម​របស់​ព្រះ‌អម្ចាស់​មក​ដល់

21. នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»

22. ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា​ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សំគាល់ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

23. ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច និង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង

24. ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ

25. ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល​ពី​ទ្រង់​ថា «ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល‌បង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូល‌បង្គំ ដើម្បី​មិន​ឲ្យ​ទូល‌បង្គំ​ត្រូវ​រង្គើ​ឡើយ

សូមអានជំពូកពេញលេញ កិច្ចការ 2