គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 2:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​បុណ្យ​ថ្ងៃ​ទី​៥០​បាន​មក​ដល់ នោះ​គេ​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១

2. ស្រាប់​តែ​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ

3. ក៏​មាន​អណ្តាត ដូច​ជា​អណ្តាត​ភ្លើង ដែល​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា

4. រួច​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់ ក៏​តាំង​និយាយ​ភាសា​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។

5. រីឯ​នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​សាសន៍​យូដា ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ ដែល​មក​ពី​គ្រប់​នគរ​នៅ​ក្រោម​មេឃ

6. កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ នោះ​បណ្តា​មនុស្ស​ក៏​ប្រជុំ​គ្នា ហើយ​គេ​មាន​សេចក្ដី​ស្រឡាំង​កាំង ដោយ​គ្រប់​គ្នា​ឮ​ភាសា​ជាតិ​របស់​ខ្លួន ដែល​ពួក​សាវក​កំពុង​តែ​អធិប្បាយ

7. គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឆ្ងល់​ថា អ្នក​ទាំង​នេះ​ដែល​អធិប្បាយ តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​អស់​គ្នា​ទេ​ឬ​អី

8. ចុះ​ដូច​ម្តេច​បាន​ជា​យើង​ឮ​គេ​និយាយ​តាម​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ

9. គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

10. ព្រម​ទាំង​ស្រុក​ព្រីគា ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ‌វិញ​ស្រុក​គីរេន ហើយ​ពួក​អ្នក​ស្រុក​រ៉ូម ដែល​ស្នាក់​នៅ​ទី​នេះ ទោះ​ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍​ផង

11. ហើយ​សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ទាំង​អស់​គ្នា​ឮ​គេ​និយាយ ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​រៀង​ខ្លួន

សូមអានជំពូកពេញលេញ កិច្ចការ 2