គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 18:3-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា

4. គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា និង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។

5. កាល​ស៊ីឡាស និង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត

6. តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ

7. គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ

8. ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង

9. វេលា​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ

10. ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ

11. គាត់​ក៏​នៅ​ទី​នោះ​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។

12. កាល​លោក​កាលី‌យ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា

13. អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់

14. តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ​សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា

15. ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ

16. លោក​ក៏​បណ្តេញ​គេ ចេញ​ពី​សាលា​ជំនុំ‌ជំរះ​ទៅ

17. នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។

សូមអានជំពូកពេញលេញ កិច្ចការ 18