គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 18:17-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។

18. ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល និង​អ័គីឡា ទៅ​ជា​មួយ​ផង

19. កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ

20. រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ

21. គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ

22. លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ។

23. គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

24. នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ

25. គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ

26. ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា និង​ព្រីស៊ីល បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ទៅ​ទៀត

27. រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ‌គុណ

28. ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។

សូមអានជំពូកពេញលេញ កិច្ចការ 18