គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:26-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ

27. កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ

28. ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ

29. មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល និង​ស៊ីឡាស ទាំង​ញាប់‌ញ័រ

30. គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង

31. គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង

32. គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ និង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ

33. នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ និង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម

34. នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។

35. ដល់​ភ្លឺ​ឡើង នោះ​មេ​នគរ‌បាល​ចាត់​ពួក​នាយ ឲ្យ​ទៅ​ប្រាប់​ថា ចូរ​លែង​អ្នក​ទាំង​២​នោះ​ទៅ

36. មេភូ‌ឃុំ​ក៏​ប្រាប់​ដល់​ប៉ុល តាម​ពាក្យ​នោះ​ថា លោក​នគរ‌បាល​បាន​ចាត់​គេ​មក ប្រាប់​ឲ្យ​លែង​លោក​ចេញ​ទៅ​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ដោយ​សុខ​សាន្ត​ចុះ

37. តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរ‌បាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេច‌កែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ

38. ពួក​នាយ​ក៏​ទៅ​ជំរាប​តាម​ពាក្យ​នោះ រួច​ពួក​មេ​នគរ‌បាល​មាន​សេចក្ដី​ភិត‌ភ័យ ដោយ​ឮ​ថា​ជា​ជាតិ​រ៉ូម

39. ក៏​មក​សូម​អង្វរ​ដល់​គាត់​ទាំង​២​នាក់ រួច​នាំ​ចេញ​ពី​ក្នុង​គុក ហើយ​សូម​ឲ្យ​ចេញ​ពី​ទី​ក្រុង​គេ​ទៅ

40. កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។

សូមអានជំពូកពេញលេញ កិច្ចការ 16