គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 16:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ និង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក

2. គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា និង​អ៊ីកូនាម

3. ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក

4. កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក និង​ពួក​ចាស់‌ទុំ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជំនុំ​សំរេច​ឲ្យ​កាន់​តាម

5. យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត​តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។

6. កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ

7. បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ

8. រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ

9. នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង

10. លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើងក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ។

11. កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល

12. ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។

13. ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ ដែល​ប្រជុំ​គ្នា

14. នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ

15. កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។

16. រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅ‌ហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ

17. នាង​ដើរ​តាម​ប៉ុល និង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ

18. នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង

សូមអានជំពូកពេញលេញ កិច្ចការ 16