គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15:10-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះនៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង

11. យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូច​ជា​គេ​ដែរ

12. ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស និង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន

13. កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន

14. ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ​ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ‌នាម​ទ្រង់

15. ហើយ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា

16. «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ

17. ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះ‌ស្វែង​រក​ព្រះ‌អម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ»

18. គ្រប់​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក

19. ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ

20. គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

21. ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

22. នោះ​ពួក​សាវក និង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាណា‌បាស​១ និង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បា‌ណា‌បាស

23. គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប

24. ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

25. ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​នឹង​ប៉ុល ជា​សំឡាញ់​ស្ងួនភ្ងា​នៃ​យើង​ខ្ញុំ

26. ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

27. ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្ដី​នោះ​ឯង

28. ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ

29. គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ និង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។

សូមអានជំពូកពេញលេញ កិច្ចការ 15